
វាជាលើកដំបូងហើយដែលប្រទេសកូរ៉េខាងជើង បានបញ្ជាក់នៅថ្ងៃនេះថា ខ្លួនពិតជាបានបញ្ជូនកងទ័ពទៅជួយប្រទេសរុស្ស៊ីមែន នៅក្នុងសង្គ្រាមជាមួយអ៊ុយក្រែន ក្រោមការបញ្ជារបស់មេដឹកនាំ គីម ជុនអ៊ុន ។
មេដឹកនាំកូរ៉េខាងជើង គីម ជុនអ៊ុន បានបញ្ចាក់ថា កងទ័ពរបស់ពួកគេបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការរំដោះទឹកដីរុស្ស៊ីដែលកាន់កាប់ដោយអ៊ុយក្រែន។
ទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ (KCNA) បានដកស្រង់សម្តីរបស់បក្សកាន់អំណាចកូរ៉េខាងជើងថា ការបញ្ចប់ដោយជោគជ័យនៃសមរភូមិរំដោះតំបន់ Kursk របស់រុស្ស៊ីបានបង្ហាញពីកម្រិតយុទ្ធសាស្ត្រខ្ពស់បំផុតនៃមិត្តភាពប្រយុទ្ធដ៏រឹងមាំរវាងកូរ៉េខាងជើង និងរុស្ស៊ី។
រុស្ស៊ីបានប្រកាសកាលពីសប្តាហ៍មុនថា កងកម្លាំងអ៊ុយក្រែនត្រូវបានបណ្តេញចេញពីភូមិចុងក្រោយរបស់រុស្ស៊ីដែលពួកគេបានកាន់កាប់ ទោះបីជាទីក្រុងកៀវ បានច្រានចោលការប្រកាសនេះ ហើយបាននិយាយថា កងទ័ពរបស់ខ្លួននៅតែប្រតិបត្តិការនៅទីក្រុង Belgorod ដែលជាតំបន់រុស្ស៊ីមួយផ្សេងទៀតនៅជាប់ព្រំដែនអ៊ុយក្រែនក៏ដោយ។
គណៈកម្មាធិការយោធាកណ្តាលនៃគណបក្សពលករដែលកំពុងកាន់អំណាចរបស់កូរ៉េខាងជើងបាននិយាយថា លោក គីម បានធ្វើការសម្រេចចិត្តក្នុងការដាក់ពង្រាយកងទ័ពក្រោមសន្ធិសញ្ញាភាពជាដៃគូយុទ្ធសាស្ត្រដ៏ទូលំទូលាយដែលលោកបានចុះហត្ថលេខាជាមួយប្រធានាធិបតីរុស្ស៊ីលោក វ្លាឌឺមៀ ពូទីន Putin កាលពីឆ្នាំមុន។
ទីភ្នាក់ងារ KCNA បានដកស្រង់សម្តីរបស់គណៈកម្មាការថា ក្រោមបញ្ជារបស់ប្រមុខរដ្ឋ កងអនុសេនាតូចនៃកងកម្លាំងប្រដាប់អាវុធនៃសាធារណរដ្ឋបានបង្ហាញឆន្ទៈថា ពួកគេនឹងប្រយុទ្ធដើម្បីការពារប្រទេសរបស់ពួកគេ ដូចអ្វីដែលពួកគេបានធ្វើសម្រាប់ប្រទេសរុស្ស៊ី។
KCNA បានដកស្រង់សម្ដីលោក គីម ដែលបានលើកឡើងថា៖ «អ្នកដែលតស៊ូដើម្បីយុត្តិធម៌សុទ្ធតែជាវីរបុរស និងជាតំណាងកិត្តិយសនៃមាតុភូមិរបស់ប្រទេសកូរ៉េខាងជើង»។
កូរ៉េខាងជើងចាត់ទុកវាជាកិត្តិយសរបស់ពួកគេ ដែលមានសម្ព័ន្ធភាពជាមួយរដ្ឋដ៏មានឥទ្ធិពលដូចជាសហព័ន្ធរុស្ស៊ី។
មន្ត្រីអ៊ុយក្រែនបាននិយាយថា កូរ៉េខាងជើងបានបញ្ជូនទាហានប្រមាណ ១៤០០០នាក់ រួមទាំងទាហានបម្រុង ៣០០០នាក់ផ្សេងទៀតដើម្បីជំនួសទាហានដែលបាត់បង់ជីវិត។ មន្ត្រីដដែលនិយាយថា ដោយខ្វះរថពាសដែក និងបទពិសោធន៍ធ្វើសង្គ្រាមជាមួយយន្តហោះគ្មានមនុស្សបើក ទាហានកូរ៉េខាងជើងបានទទួលរងនូវការខូចខាតយ៉ាងធ្ងន់ធ្ងរ ប៉ុន្តែបានសម្របខ្លួនយ៉ាងឆាប់រហ័ស។
កាលពីថ្ងៃទី ២៦ ខែមេសា ប្រទសរុស្ស៊ីបានបញ្ជាក់ជាលើកដំបូងថា ទាហានកូរ៉េខាងជើងបានជួយប្រយុទ្ធជាមួយរុស្ស៊ីនៅ Kursk ក្នុងសង្គ្រាមជាមួយអ៊ុយក្រែន៕ ប្រភព៖ Strait Times
Discover more from TOUK CHET
Subscribe to get the latest posts sent to your email.