(ហាណូយ)៖ ចំនួនអ្នកស្លាប់នៅប្រទេសវៀតណាម ដែលបណ្តាលមកពីព្យុះ Yagi និងការបាក់ដី និងទឹកជំនន់ភ្លាមៗ បានកើនឡើងដល់ ២៥៤ នាក់ហើយគិតត្រឹមថ្ងៃសុក្រនេះ ខណៈដែលទឹកជំនន់កំពុងស្រកចុះបន្តិចម្តងៗ និងការស្វែងរកជនរងគ្រោះនៅតែបន្ត។នេះបើយោងតាមទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយរបស់រដ្ឋវៀតណាម ដែលត្រូវបានចុះផ្សាយដោយ ទីភ្នាក់ងារ Reuters។
ប្រទេសនៅអាស៊ីអាគ្នេយ៍មួយនេះ កំពុងរងផលប៉ះពាល់ពីព្យុះដ៏ខ្លាំងបំផុត ដែលបានវាយប្រហារតំបន់អាស៊ីក្នុងឆ្នាំនេះ។ ព្យុះនេះបានចាប់ផ្តើមវាយប្រហារតាមឆ្នេរភាគឦសានរបស់វៀតណាមកាលពីថ្ងៃសៅរ៍សប្តាហ៍មុន។
មានមនុស្សជាង ៨២០ នាក់បានរងរបួស និង ៨២ នាក់នៅបន្តបាត់ខ្លួន នេះបើយោងតាមទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយរបស់រដ្ឋវៀតណាម។ កុមាររាប់រយពាន់នាក់បានបាត់បង់ផ្ទះសម្បែងរបស់ពួកគេ ហើយខ្វះទឹកស្អាត អនាម័យ និងការថែទាំសុខភាព នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់អង្គការយូនីសេហ្វ។
កុមារប្រមាណ ២ លាននាក់បានបាត់បង់ឱកាសទទួលបានការអប់រំ ការគាំទ្រផ្នែកចិត្តសង្គម និងកម្មវិធីចែកអាហារនៅសាលារៀន ដោយសារតែសាលារៀនជាច្រើនត្រូវបានខូចខាត និងរងផលប៉ះពាល់ដោយការដាច់ចរន្តអគ្គិសនី និងទឹក។
គួរបញ្ជាក់ថា ក្រៅពីវៀតណាម ប្រទេសដទៃទៀតក្នុងតំបន់ រួមមានឡាវ ថៃ និងមីយ៉ាន់ម៉ា ក៏បានទទួលរងគ្រោះទឹកជំនន់ និងរអិលបាក់ដី ដែលបង្កឡើងដោយឥទ្ធិពល នៃព្យុះ Yagi ថែមទៀតផង។ រីឯមុនពេលមកដល់វៀតណាម កាលពីចុងសប្តាហ៍មុន ព្យុះទីហ្វុងដ៏កំណាចនេះ បានវាយប្រហារប្រទេសហ្វីលីពីន និងដែនកោះ Hainan ភាគខាងត្បូងប្រទេសចិន៕









Discover more from TOUK CHET
Subscribe to get the latest posts sent to your email.